នាថ្ងៃចន្ទ
១១រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣,
លោក
រឿង ចាន់តារា ប្រធានការិយាល័យហិរញ្ញវត្ថុ រដ្ឋបាលថ្នាក់ក្រោមជាតិ បានអញ្ជើញចូលរួម
សិក្ខាសាលាបញ្ជ្រាបការយល់ដឹង អំពីគោលនយោបាយគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និង
វគ្គបណ្ដុះបណ្ដាលស្ដីពីនីតិវិធីហិរញ្ញវត្ថុសម្រាប់អនុវត្តកញ្ចប់ថវិកាសេវាអនាម័យបរិស្ថានជូនដល់រដ្ឋបាលក្រុង
ស្រុក ក្រោមអធិបតីភាពឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
(កសហវ.) និងជាអគ្គលេខាធិការរង
នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ
នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. កម្មវិធីនេះក៏មានកាអញ្ជើញចូលរួម ថ្លែងមតិចាប់អារម្មណ៍ពី
ឯកឧត្ដម ហេង ណារ៉េត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន
និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងសំរាម
សំណល់រឹងទីប្រជុំជន។
សិក្ខាសាលានេះប្រព្រឹត្តទៅរយៈពេល២ថ្ងៃ
ដោយថ្ងៃទី១
ត្រូវបានរៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងអំពីការគ្រប់គ្រងសំរាមសំណល់រឹង
ផ្ដោតលើគោលនយោបាយ, លិខិតបទដ្ឋានគតិយុត្ត, តួនាទីភារកិច្ច, គោលការណ៍កំណត់កម្រៃសេវានានា
និងការគ្រប់គ្រងមូលនិធិបរិស្ថាននិងសង្គម
ព្រមទាំងការចែករំលែកបទពិសោធន៍ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន
របស់រដ្ឋបាលចំនួន ៤ គឺ រដ្ឋបាលរាជធានីភ្នំពេញ, រដ្ឋបាលក្រុងព្រះសីហនុ,
រដ្ឋបាលក្រុងបាត់ដំបង, និង
រដ្ឋបាលក្រុងកំពង់ចាម ។
សិក្ខាសាលានេះមានការចូលរួមពី
ឯកឧត្ដម លោកជំទាវ និងមន្ត្រីជំនាញ ដែលជាតំណាងនៃគណៈអភិបាលរាជធានី ខេត្ត ក្រសួងបរិស្ថាន
ក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ
អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ អគ្គនាយកដ្ឋានរតនាគារជាតិ និង
អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ ព្រមទាំងលោក លោកស្រី
តំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រតនាគារ និងមន្ទីរបរិស្ថាន រាជធានី ខេត្ត
និងរដ្ឋបាលក្រុង ស្រុកទូទាំង ២៥ រាជធានី ខេត្ត សរុបចំនួនប្រមាណ ៦០៥ នាក់។